(BC-99)

Peter Whittingham បានធ្លាក់ពីលើកាំជណ្ដើរនៅឯហាងស្រាមួយ​កន្លែងតាំង​ពី​ថ្ងៃទី ៧ ខែមីនាដែលជាថ្ងៃប្រកួត​បាល់​ឱប Six Nation រវាង​ក្រុម​អង់គ្លេសជាមួយក្រុម​វែលហើយបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់​បង់​ជីវិតហើយ​​ក្នុង​ថ្ងៃ​នេះ​ដោយ​បន្សល់​ទុក​កូន ២ នាក់អោយ​ក្លាយ​ជា​ក្មេង​កំព្រា។

Peter Whittingham, Cardiff City

ក្លឹប​បាល់​ទាត់​ Cardiff City បានចេញសេចក្តីថ្លែងការណ៍នៅ​លើ​គេ​ហទំព័រ​របស់​ខ្លួន​ថា “ វាគឺជារឿង​ដ៏​សោកសៅជាទី​បំផុត​ក្នុង​ការ​ជូនដំណឹងដល់អ្នកគាំទ្រថាអតីត​វិរៈ​បុរស​របស់​យើង​លោក Peter Whittingham បានទទួលមរណភាពហើយ​នៅវ័យ​ ៣៥ ឆ្នាំ។

កាល​ពី​ម្សិល​ម៉ិញ​នេះ​របាយការណ៍​មួយ​របស់​ប៉ូលីស​ទើប​តែ​ធ្វើ​ការ​បដិសេធ​អំពី​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា Whittingham បានទទួលមរណភាពតាំង​ពី​ថ្ងៃ​អង្គារ តែ​មិនទាន់​បានមួយ​ថ្ងៃ​ស្រួល​បួល​ផង​ស្រាប់​តែ​ដំណឹង​មរណភាព​នេះ​ក៏​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ទៅ​វិញ។ គេ​ឃើញ​មាន​ការ​ចូល​រួម​ជួយ​រំលែក​ទុក្ខ​ពី​សំណាក់​កីឡាករ គ្រូបង្វឹក និង​ប្រិយ៍មិត្ត​ពី​សព្វទិសទី​ដល់​ភរិយា​ដែល​កំពុង​ពរពោះ​កូន​ទី​២​ព្រម​ទាំង​សាច់​ញាតិរបស់​សពផង​ដែរ។

Peter Whittingham ពេលជាកីឡាករ​របស់ Blackburn Rover

គួរ​រំលឹក​ដែរ​ថាអតីតកីឡាកររូប​នេះ​បានបង្ហាញខ្លួនចំនួន ៤១៣ ដងអោយ​ក្រុម​ Cardiff ដោយស៊ុតបញ្ចូលទីបាន ៨៥ គ្រាប់ក្នុងអាជីពរយៈពេល ១០ ឆ្នាំនៅ រាជធានី ប្រទេស​វែលស៍​។ លោក​បាន​ជួយ​ក្រុមដែល​មាន​រហស្សនាម​ Bluebirds ឡើង​ទៅកាន់ក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងឆ្នាំ ២០១៣ និងក៏បានជួយពួកគេឱ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងឆ្នាំ ២០០៨ និងវគ្គផ្តាច់ព្រ័ត្រ League Cup កាលពីឆ្នាំ ២០១២ ។ នៅឆ្នាំ ២០១៧ លោកក៏​បានចាកចេញទៅ​ចូល​រួម​ជា​មួយ​ Blackburn Rovers ជាកន្លែងដែលលោក​បង្ហាញខ្លួនប្រកួត​បាន​ចំនួន​ ២០ ដង។