Manchester United ត្រូវជួបជាមួយ Chelsea និងក្រុមការពារតំណែងជើងឯក Manchester City ប៉ះជាមួយ Arsenal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ២០១៩/២០២០។

៣ក្លិបក្នុងចំណោមក្រុមទាំង៤ជាបេក្ខជនដ៏ជោគជ័យ ដោយ Arsenal ឈ្នះច្រើនជាងគេដល់ទៅ១៣ដង។ Man UTD ដែលទម្លាក់ Norwich លើកពានបាន១២ដង និង Chelsea ដែលឈ្នះ Leicester City ទទួល​បាន​៨ដង។

ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយចំនួន៣គូនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា Man City ឈ្នះ Newcastle United ០ទល់នឹង២ រកបានដោយការទាត់១១ម៉ែត្រពី Kevin de Bruyne និងគ្រាប់បាល់យ៉ាងល្អពី Raheem Sterling។

ចំណែក Ross Barkley ជាអ្នកសម្រេចទីសម្រាប់ Chelsea ដើម្បីទម្លាក់ Leicester City។ ចំពោះ Arsenal ឯណោះវិញ Dani Ceballos ជាអ្នកទាត់គ្រាប់ជ័យជម្នះលើ Sheffield United នៅនាទី៩១។ ក្រុមកាំភ្លើងធំនាំមុខនាទី២៥ ដោយ Nicolas Pepe តែម្ចាស់ផ្ទះ Sheffield តាមស្មើពី David McGoldrick នៅនាទី៨៧។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែកក្កដា នាកីឡដ្ឋាន Wembley ហើយក្រុមឈ្នះនឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី០១ ខែសីហា លើទីតាំងដដែល។

ដោយឡែក ជំនួបរវាង Chelsea និង Manchester United ប្រៀបដូចជាការសងសឹកគ្នាដែរ ដែលកាលពីពីរឆ្នាំមុន តោខៀវបានឈ្នះបិសាចក្រហមលើកពាននៅវគ្គផ្ដាច់ព្រ័ត្រ៕